ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា, ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំ និងបញ្ចប់ការអភិវឌ្ឍ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា រួចរាល់ក្នុងការដាក់ឱ្យដំណើរការប្រើប្រាស់។
ប្រព័ន្ធវិក្កយបត្រអេឡិច-ត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលមានតួនាទីជាប្រព័ន្ធកណ្ដាលសម្រាប់ផ្លាស់ប្ដូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្ដល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា និងមានមុខងារផ្ដល់អត្តសញ្ញាណ និងបញ្ជាក់ទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវឱ្យបោះពុម្ពវិក្កយបត្រជាក្រដាសឡើយ។ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាឧបករណ៍សម្រាប់ជំរុញការប្រើប្រាស់វិក្កយបត្រអេឡិច-ត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសា-ធារណៈ គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា, ចូលរួមពង្រឹងអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ, ចូលរួមក្នុងការសម្រេចនូវគោលដៅនៃការអភិវឌ្ឍប្រកប ដោយចីរភាព និងត្រៀមចូលរួមក្នុងកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន។
ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមធ្វើការប្រកាសដាក់ឱ្យដំណើរការសាកល្បង (Soft Launching) នូវ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) ដើម្បីបើកឱ្យដំណើរការចុះឈ្មោះចូលជាសមាជិកប្រើប្រាស់ ប.វ.អ. ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះតទៅ។