នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំ អគារ ឃ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) បានរៀបចំនូវវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា” ជូនអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន។ វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ. និងមានការចូលរួមពីបណ្តារអ្នកប្រើប្រាស់ដែលជាតំណាងអង្គភាពថវិកានៃក្រសួងទាំងពីរ សរុបចំនួនប្រមាណ ១០០រូប។

គួរបញ្ជាក់ផងដែរ កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់មន្ត្រីបង្គោលដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ ដើម្បីត្រៀមខ្លួនប្រើប្រាស់ប្រព័ន្ធក្នុងពេលឆាប់ៗខាងមុខ និងអាចអនុវត្តប្រព័ន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់។