បច្ចុប្បន្ន ការប្រកួតប្រជែងនៃ AI រវាងឧក្រិដ្ឋជនតាមអ៉ីនធឺណិត និងអ្នកដែលព្យាយាមការពារប្រព័ន្ធកំពុងលេចចេញជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ស្ថិរភាព និងសុវត្ថិភាពនៃពិភពឌីជីថល។ ខាងក្រោមនេះគឺជារបៀបដែល AI ត្រូវបានយកប្រើប្រាស់៖ការប្រើប្រាស់ AI ជាឧបករណ៍ដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា៖

  • ការលួចចូលដោយស្វ័យប្រវត្តិ (Automated Hacking): AI​​ ត្រូវបាន​ប្រើប្រាស់ ដើម្បីស្វែងរកចន្លោះប្រហោង ​ឬចំណុចងាយរងគ្រោះ​ថ្មីៗឱ្យមានភាពឆាប់រហ័សជាងការលួចចូលដែលធ្វើដោយមនុស្ស
  • ការវាយប្រហារដោយការបញ្ឆោត (Phishing Attacks): AI ​ត្រូវបានប្រើប្រាស់ ដើម្បីផ្ញើអ៉ីមែលក្លែងបន្លំ និងស្វែងរក គោលដៅសម្រាប់ធ្វើការឆបោក
  • ការបំបែកពាក្យសម្ងាត់ (Password Cracking): AI ត្រូវបាន ប្រើប្រាស់ដើម្បីរៀបចំនូវលំនាំសម្រាប់ការវាយប្រហារដោយ Brute-force
  • ការវាយប្រហារដោយបន្លំជាបុគ្គលណាមួយ (Impersonation Attacks): AI បានសម្រួលដល់ការក្លែងបន្លំស៊ីជម្រៅជំនាន់ថ្មី (Deepfakes) ដែលអាចផលិតជាសំឡេង និងវីដេអូជាក់ស្តែងដូចការពិត ដែលវាអាចត្រូវបានយកទៅប្រើប្រាស់សម្រាប់បោកបញ្ឆោត ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការគម្រាមកំហែង Blackmail ជាដើម
  • ការបំភាន់ទិន្នន័យ (Data Poisoning): AI អាចត្រូវបានបំភាន់ សម្រាប់គោលបំណងបទល្មើសបច្ចេកវិទ្យា ឬឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត នៅពេលដែលទិន្នន័យបំភាន់ត្រូវបានបញ្ចូលទៅក្នុង AI។ Bots ដែលដំណើរការដោយ AI ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារតាមរយៈ​ DDoS (Distributed Denial of Service) ឬ សម្រាប់ផ្សព្វផ្សាយព័ត៌មានមិនពិតលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ការប្រើប្រាស់ AI ជាឧបករណ៍ដើម្បីការពារបទល្មើសបច្ចេកវិទ្យា

  • ការចាប់សញ្ញាមិនប្រក្រតី (Anomaly Detection): AI អាចជួយកំណត់ អត្តសញ្ញាណគំរូអាកប្បកិរិយាធម្មតានៅក្នុងបណ្តាញកុំព្យូទ័រជាមួយនឹងគម្លាតខុសគ្នា ដែលអាចសម្គាល់ពីការវាយប្រហារតាមអ៉ីនធឺណិត
  • ការវិភាគព្យាករណ៍ (Predictive Analytics): AI អាចត្រូវបានប្រើប្រាស់សម្រាប់វិភាគលើទិន្នន័យដែលមានលក្ខណៈជាប្រវត្តិ​និងកំណត់អត្តសញ្ញាណរាល់គំរូណាដែលអាចឈានទៅរកការវាយប្រហារតាមអ៉ីនធឺណិត
  • ការចាប់សញ្ញានៃមេរោគ និងការបញ្ឆោត (Malware and Phishing Detection): AI ជួយធ្វើឱ្យប្រសើរឡើងក្នុងការស្វែងរកឱ្យឃើញនូវមេរោគ និងការបញ្ឆោត តាមរយៈការកំណត់អត្តសញ្ញាណនៃអ៉ីមែលក្លែងបន្លំ ឬតំណភ្ជាប់របស់ជនទុច្ចរិត
  • ការឆ្លើយតបទៅនឹងឧប្បត្តិហេតុដោយស្វ័យប្រវត្តិ (Automate Incident Response): នៅពេលដែលមានការវាយប្រហារតាមអ៉ីនធឺណិតកើតឡើង AI អាចឆ្លើយតបទៅនឹងការវាយប្រហារនោះភ្លាមៗដោយស្វ័យប្រវត្តិ ដោយធ្វើការញែកប្រព័ន្ធដែលរងផលប៉ះពាល់ចេញពីប្រព័ន្ធដទៃទៀត បិទផ្លូវបណ្តាញជាក់លាក់ ឬថែមទាំងអនុវត្តការប៉ះប៉ូវទៅកាន់ ចំណុចងាយរងគ្រោះរបស់កម្មវិធី