🗓 នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទី, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing System) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូ Zoom អមដោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដែលមានការអញ្ជើញចូលរួមពីតំណាងអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន សរុបចំនួន ២០៣ រូប ដែលជាតំណាងមកពីក្រសួង-ស្ថាប័នដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាជាផ្លូវការក្នុងនាមជាភាគីអ្នកទិញ (Buyer) នាពេលដ៏ខ្លីខាងមុននេះ ។
📌 កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផ្ដល់ព័ត៌មានអំពីគម្រោងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា និងបញ្ជ្រាបព័ត៌មានសម្រាប់ការត្រៀមលក្ខណៈក្នុងការចូលរួមអនុវត្ត និងប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា សម្រាប់ការទទួលវិក្កយបត្រពីក្រុមហ៊ុនផ្គត់ផ្គង់ ដែលប្រព័ន្ធនេះគ្រោងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការជំហានទី១ ក្នុងកំឡុងចុងឆ្នាំ២០២៤ នេះ។