នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ. ) បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការគិតគូរដាក់ឱ្យអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing system) សម្រាប់ប្រតិបត្តិការវិក្កយបត្ររវាងក្រុមហ៊ុនផ្គត់ផ្គង់ជាមួយអង្គភាពរដ្ឋ (B2G) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក នៃក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថលនិងរៀបចំកិច្ចព្រមព្រៀងឌីជីថល ចូលរួមអមដោយលោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល រួមជាមួយនឹង ក្រុមការងារបច្ចេកទេសអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជានៃ អ.ស.ឌ.។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធនៃ ក.ស.ហ.វ. សរុបមានប្រមាណចំនួន ៧០រូប ដូចជា ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG), អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (GSC), អគ្គលេខាធិការដ្ឋាន ក.ស.ហ.វ., អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, និង អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្ដរជាតិនិងគ្រប់គ្រងបំណុល។

ជាលទ្ធផល កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដោយបានផ្សព្វផ្សាយជាទស្សនាទានទៅកាន់អង្គភាពពាក់ព័ន្ធដែលមានវត្តមានក្នុងកិច្ចប្រជុំឱ្យបានត្រៀមលក្ខណៈគាំទ្រការអនុវត្តកិច្ចការងារនេះ មុននឹងដាក់អនុវត្តប្រព័ន្ធសាកល្បងជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ។