ដំណើរការវិក្កយបត្រអេឡិចត្រូនិកកំពុងពង្រីកទីផ្សារយ៉ាងឆាប់រហ័ស ដោយកំពុងមានកំណើននៃការចាប់យកការប្រើប្រាស់នៅក្នុងប្រតិបត្តិការអាជីវកម្មរវាងក្រុមហ៊ុនអាជីវកម្មជាមួយក្រុមហ៊ុនអាជីវកម្ម (B2B), រវាងក្រុមហ៊ុនអាជិវកម្មជាមួយអ្នកប្រើប្រាស់ (B2C) និងរវាងក្រុមហ៊ុនអាជីវកម្មជាមួយស្ថាប័នរដ្ឋ (B2G)។
ទីផ្សារវិក្កយបត្រអេឡិចត្រូនិកត្រូវបានព្យាករណ៍ថានឹងមានអត្រាកំណើនប្រចាំឆ្នាំរួម (CAGR) ក្នុងរង្វង់ ២២,៤% គិតពី ឆ្នាំ២០២៣ ដល់ ឆ្នាំ២០៣១។ តាមរយ:កំណើននេះ ទំហំទីផ្សារវិក្កយបត្រអេឡិចត្រូនិកត្រូវបានរំពឹងថានឹងមានកំណើនក្នុងរង្វង់ទឹកប្រាក់ប្រមាណពី ១២,៤៧ប៊ីលាន ទៅ ៦២,៦៨ប៊ីលានដុល្លារអាមេរិក ពីឆ្នាំ២០២៣ ទៅ ឆ្នាំ២០៣១។
ម៉ូដែលផ្សេងៗត្រូវបានប្រើប្រាស់សម្រាប់ដំណើរការវិក្កយបត្រអេឡិចត្រូនិក រួមមាន ប្រតិបត្តិការផ្ទាល់ជាមួយក្រុមហ៊ុនអ្នកលក់, ប្រតិបត្តិការផ្ទាល់ជាមួយក្រុមហ៊ុនអ្នកទិញ, ការប្រើប្រាស់បច្ចេកវិទ្យាពពក SaaS/PaaS, ការប្រើប្រាស់ប្រព័ន្ធបណ្ដាញ, ការប្រើប្រាស់ Four-Corner, ការប្រើប្រាស់ពហុពពក និងការប្រើប្រាស់ម៉ូដែលពពកកូនកាត់។
ស្ថាប័ននិងក្រុមហ៊ុននានានៅទូទាំងពិភពលោក ទោះជាប្រើប្រាស់ម៉ូដែលណាមួយក៏ដោយ ក៏ជារួម មានទំនោរនៃការធ្វើឌីជីថលនីយកម្មលើឯកសារសម្រាប់បង្កើនប្រសិទ្ធភាព និងអនុលោមភាព ដែលជំរុញការផ្លាស់ប្ដូរពីការងារដោយដៃ ឬប្រើក្រដាសទៅជាអេឡិចត្រូនិកជាលក្ខណៈសកល។
តំបន់ដូចជា អាមេរិកខាងជើង, អឺរ៉ុប, អាស៊ីប៉ាស៊ីភិក, អាមេរិកកណ្ដាលនិងខាងត្បូង, មជ្ឈិមបូព៌ា និងអាហ្វ្រ៊ិក កំពុងតែអភិវឌ្ឍយ៉ាងសកម្មលើប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក។
តាមការវិភាគលើបំណែងចែកទីផ្សារ បានរកឃើញអំពីបំណែងចែកគន្លឹះៗដែលចូលរួមក្នុងកំណើនទីផ្សារវិក្កយបត្រអេឡិចត្រូនិក មានដូចតទៅ៖ ១-បច្ចេកវិទ្យាសម្រាប់ការដំឡើងប្រព័ន្ធ (ដំឡើងនៅក្រុមហ៊ុនផ្ទាល់, ដំឡើងលើបច្ចេកវិទ្យាពពក), ២-អ្នកប្រើប្រាស់ចុងក្រោយ (ក្រុមហ៊ុនលក់រាយនិងពាណិជ្ជកម្មអេឡិចត្រូនិក, ស្ថាប័នរដ្ឋ, ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍, គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ), ៣-កម្មវិធីបច្ចេកវិទ្យាព័ត៌មាន (ប្រភេទ B2B, B2C និង B2G), និង ៤-ប្រភេទវិក្កយបត្រ (មិនមានបញ្ជាទិញ និងមានបញ្ជាទិញ)។