នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤, នៅបន្ទប់ប្រជុំរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល, ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលដែលទទួលបន្ទុករៀបចំនិងអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing System) បានបន្តជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន GIANTFOCUS ដើម្បីពិភាក្សានិងពិគ្រោះយោបល់បន្ថែមទៅលើទិដ្ឋភាពនៃការរៀបចំប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពក្នុងកិច្ចសហការផ្នែកបច្ចេកទេស ក្នុងការធ្វើតេស្តសមាហរណកម្មរវាងប្រព័ន្ធដែលក្រុមហ៊ុនផ្គត់ផ្គង់ ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។

ជាលទ្ធផល, ក្រុមហ៊ុនបង្ហាញពីការគាំទ្រនូវគំនិតផ្ដួចផ្ដើមនេះ និងពិនិត្យលទ្ធភាពឆ្លើយតបមកវិញអំពីការសហការជួយធ្វើតេស្តសមាហរណកម្មរវាងប្រព័ន្ធរបស់ក្រុមហ៊ុន ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ ក្រុមហ៊ុនក៏បានបញ្ជាក់ថានឹងបន្តគាំទ្រ និងចូលរួមសហការជាមួយអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ពាក់ព័ន្ធនឹងកិច្ចការងារនេះ នៅពេលបន្តទៀត។