នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) បានរៀបចំនូវវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីពិនិត្យវិក្កយបត្រអេឡិចត្រូនិកដែលផ្ទៀងផ្ទាត់ដោយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.)” តាមរយៈប្រព័ន្ធសន្និសិទ្ធិវីដេអូ Zoom ជូនដល់មន្រ្តីត្រួតពិនិត្យការទូទាត់ចំណាយដោយអញ្ជើញមកពី អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រមាណ ៣០រូប។ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ. អមដោយក្រុមការងារបច្ចេកទេសទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីបង្ហាញបន្ថែមពីរបៀបនៃការត្រួតពិនិត្យលេីវិក្កយបត្រអេឡិចត្រូនិកដេីម្បីបញ្ជាក់ពីភាពត្រឹមត្រូវជៀសវាងនូវការក្លែងបន្លំតាមរូបភាពណាមួយជាយថាហេតុ មុននឹងធ្វេីការទូទាត់។លេីសពីនេះក្រុមការងារនៃ អ.ស.ឌ.ក៏បានធ្វេីការបង្ហាញនូវរបៀបនៃការត្រួតពិនិត្យបណ្ណឥណទាន (Credit Note) និងបណ្ណឥណពន្ធ (Debit Note) ដែលចេញដោយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាផងដែរ។







