កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីបើកសនិ្នបាតប្រចាំឆ្នាំលើកទី៨០ ឆ្នាំ២០២៤ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” នារដ្ឋធានីបាងកក ប្រទេសថៃ។
នាថ្ងៃដដែល លោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក៏បានចូលរួមសន្និបាតខាងលើនេះតំណាងថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានចូលរួមថ្លែងសន្ទរកថាតំណាងកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
គួរបញ្ជាក់ផងដែរថា សន្និបាតនេះមានការចូលរួមពីថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសនៅក្នុងអាស៊ី និងប៉ាស៊ីហ្វិក និងប្រទេសពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ដើម្បីពិភាក្សាអំពីការរួមចំណែកប្រកបដោយបរិយាបន្ននៃនវានុវត្តន៍ឌីជីថលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។