នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក នៅសណ្ឋាគារ Raffles Le Royal Phnom Penh, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់អំពីប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing System) ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក.ស.ហ.វ. អមដោយឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ. និងលោក អៀច សេដ្ឋា អគ្គនាយករងនៃ អ.ស.ឌ. ព្រមទាំងក្រុមការងារបច្ចេកទេសនៃ អ.ស.ឌ. ទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។

គួរបញ្ជាក់ផងដែរ សិក្ខាសាលាខាងលើបានរៀបចំឡើង ក្នុងគោលបំណងពិគ្រោះយោបល់ប្រមូលធាតុចូល និងផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានអំពីប្រព័ន្ធ Cambodia E-Invoicing ជាមួយតំណាងក្រុមហ៊ុនអាជីវកម្ម, ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធគណនេយ្យ, គ្រឹះស្ថានធនាគារ និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ ក.ស.ហ.វ សរុបចំនួនប្រមាណ ១០០រូប ជាមួយនឹងការត្រៀមលក្ខណៈដាក់ឱ្យដំណើរការប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកនេះ ជាផ្លូវការណ៍ជំហានទី១ នៅក្នុងកំឡុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ។