កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤, បណ្ឌិតសភាសម្រាប់មន្ត្រីធុរកិច្ចអន្តរជាតិ (Academic for International Business Officials-AIBO) នៃក្រសួងពាណិជ្ជកម្ម សាធារណរដ្ឋប្រជាមានិតចិន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “សមាហរណកម្មសេដ្ឋកិច្ចឌីជីថល និង ឧស្សាហកម្មក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង-ស្ថាប័ន និងធុរជន ពីបណ្តាប្រទេសផ្សេងៗចំនួន ៧ប្រទេស ដោយក្នុងនោះមន្រ្តីនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានចូលរួមផងដែរ។ សិក្ខាសាលា និងទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងក្នុងគោលបំណងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទទួលបានការបណ្តុះបណ្តាល ក្នុងន័យអភិវឌ្ឍន៍ចំណេះដឹងបន្ថែមលើបច្ចេកវិទ្យាឌីជីថល និងសិក្សាពីឧត្តមានុវត្តន៍ក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល របស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងរយៈពេលប្រមាណជាង២០ឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងជំរុញការកសាងសមាហរណកម្មសេដ្ឋកិច្ច និងសង្គមឌីជីថល។