នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ចូលរួមដោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល អមដោយ អគ្គនាយករង និងសហការីទាំងអស់ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសម្រេចបានកន្លងមក និង បញ្ហាប្រឈមនានា ព្រមទាំងទិសដៅការងារបន្តសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ បន្តទៅមុខ។ ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំអនុវត្តការងារកន្លងមក ព្រមទាំងបានធ្វើការណែនាំបន្ថែមដើម្បីបន្តអនុវត្តលើកិច្ចការងារក្នុងឆ្នាំឱ្យកាន់តែល្អប្រសើរ និងទាន់ពេលវេលាស្របតាមផែនការដែលបានគ្រោងទុក។