នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤:០០នាទី, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-Invoicing System) នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ជួបប្រជុំពិភាក្សាជាមួយលោក នន់ សុផាណុន នាយកប្រតិបត្តិក្រុមហ៊ុន ERP Cambodia តាមរយៈប្រព័ន្ធ Zoom។ កិច្ចប្រជុំត្រូវបានធ្វើឡើងដើម្បីពិភាក្សាអំពីកិច្ចសហការផ្នែកបច្ចេកទេស ក្នុងការធ្វើតេស្តសមាហរណកម្មរវាងប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកជាតិ។
កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយលទ្ធផលល្អប្រសើរ ដោយក្រុមហ៊ុនបានបង្ហាញអំពីសេចក្តីរីករាយ ដែលបានចូលរួមចំណែកជាមួយក្រុមការងារបច្ចេកទេសប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបញ្ជាក់អំពីស្មារតីវិជ្ជមានរបស់ខ្លួន ក្នុងការចូលរួមសហការបន្តក្នុងកិច្ចការងារមួយនេះ ដើម្បីធានាឱ្យបាននូវលទ្ធផលល្អប្រសើរ។