តាមរយៈការសិក្សាស្រាវជ្រាវរបស់ Harvard Business Review សសរស្តម្ភទាំង៤ នៃភាពជោគជ័យក្នុងបរិវត្តកម្មឌីជីថលរួមមាន៖
១. ការលើកកម្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT uplift): សម្រាប់ក្រុមហ៊ុនអាជីវកម្មជាច្រើន បរិវត្តកម្មឌីជីថលត្រូវបានចាប់ផ្តើមឡើងពីការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Infrastructure), ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចល័ត (Mobile Infrastructure), ឃ្លាំងរក្សាទុកទិន្នន័យ (Data Lakes), និងពពក (Cloud)។
២. ការធ្វើឌីជីថលនីយកម្មលើប្រតិបត្តិការ (Digitizing operations): សសរស្តម្ភសំខាន់ទី២នៃបរិវត្តកម្មឌីជីថលគឺ ការប្រើប្រាស់ឌីជីថលសម្រាប់ជួយដល់ដំណើរប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែមានប្រសិទ្ធភាព, សាមញ្ញ និងសមហេតុផល ប្រសើរជាងមុន។ គោលដៅនៃចំណុចនេះសំដៅដល់ការប្រើប្រាស់ឧបករណ៍ឌីជីថល ដែលរួមមានបច្ចេកវិទ្យាទំនើបៗ ដូចជាបញ្ញាសិប្បនិម្មិត (AI), 5G, និង Internet of Things (IoT) ដើម្បីសម្រួលដល់កំណើននៃអាជីវកម្ម។
៣. ការធ្វើទីផ្សារឌីជីថល (Digital marketing): ការប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ពង្រីកទីផ្សារ និងការលក់ គឺជាដំណោះស្រាយឌីជីថលដ៏ល្អសម្រាប់ការយកឈ្នះលើតម្រូវការអតិថិជន, បង្កើត និងបង្កើនចំណាប់អារម្មណ៍អំពីផលិតផលរបស់អ្នក, កំណត់គោលដៅអតិថិជន និងការលក់ផលិតផលតាមអនឡាញ។ សសរស្តម្ភមួយនេះ គឺមានភាពខុសប្លែកពីសសរស្តម្ភដទៃទៀត ដោយបានផ្តោតលើការប្រើប្រាស់ឧបករណ៍ឌីជីថល (Digital tools) ដើម្បីមានទំនាក់ទំនង និងលក់ផលិតផលទៅឱ្យអតិថិជន។
៤. ការបង្កើតឱកាសថ្មី (New ventures): ឌីជីថលបានបើក និងពាំនាំនូវឱកាសថ្មីៗជាច្រើនសម្រាប់ក្រុមហ៊ុនដែលកំពុងមានវត្តមាន។ ការចាប់យកឱកាសទាំងនេះ តម្រូវឱ្យមានទាំងការអភិវឌ្ឍនវានុវត្តន៍ និងទាំងសមត្ថភាពឌីជីថល ដើម្បីសាកល្បង និងឈានឆ្ពោះទៅរកប្រភពនៃកំណើនថ្មី។ ក្នុងន័យនេះ ការប្រើប្រាស់ឌីជីថល អាចផ្តល់នូវឱកាសដើម្បីបង្កើតម៉ូដែលអាជីវកម្មថ្មី ផលិតផលថ្មី និងសេវាកម្មថ្មី រួមទាំងអាចចូលរួមជាមួយនឹងប្រព័ន្ធអេកូឡូស៊ីដ៏ធំមួយ ដែលអាចបង្កើតប្រភពនៃកំណើនថ្មី។